10. សូមថ្វាយព្រះពរដល់នគរហ្លួងដាវីឌ ជាឪពុករបស់យើងដែលនឹងមកដល់ ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត»។
11. ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។
12. លុះថ្ងៃបន្ទាប់ ពេលពួកគេចាកចេញពីក្រុងបេថានី ព្រះអង្គក៏ឃ្លាន
13. កាលបានឃើញដើមល្វាមានស្លឹកពីចម្ងាយ ព្រះអង្គក៏ទៅមើល ក្រែងលោរកបានផ្លែខ្លះនៅលើដើមនោះ តែពេលមកដល់ ព្រះអង្គឃើញថា ក្រៅពីស្លឹក គ្មានអ្វីសោះ ព្រោះមិនទាន់ដល់រដូវល្វានៅឡើយ
14. ព្រះអង្គមានបន្ទូលទៅដើមល្វាថា៖ «ដរាបតទៅ គ្មានអ្នកណាបរិភោគផ្លែរបស់ឯងទៀតទេ» ហើយពួកសិស្សព្រះអង្គក៏បានស្ដាប់ឮដែរ។
15. ពួកគេមកដល់ក្រុងយេរូសាឡិម រួចក៏ចូលទៅក្នុងព្រះវិហារ ព្រះអង្គចាប់ផ្ដើមបណ្ដេញមនុស្សកំពុងលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
16. ហើយព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សែងទំនិញឆ្លងកាត់ព្រះវិហារទេ
17. ទាំងមានបន្ទូលបង្រៀនពួកគេថា៖ «តើគ្មានសេចក្ដីចែងទុកទេឬអីថា ដំណាក់របស់យើងត្រូវហៅថា ដំណាក់សម្រាប់ជនជាតិទាំងអស់អធិស្ឋាន? ប៉ុន្ដែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះត្រលប់ជាសំបុកចោរវិញ»
18. កាលសម្ដេចសង្ឃ និងគ្រូវិន័យបានឮដូច្នេះ ពួកគេក៏រកមធ្យោបាយសម្លាប់ព្រះអង្គ តែពួកគេខ្លាច ព្រោះបណ្ដាជនទាំងអស់កំពុងតែនឹកអស្ចារ្យក្នុងចិត្ដអំពីសេចក្ដីបង្រៀនរបស់ព្រះអង្គ
19. ហើយនៅល្ងាចនោះ ព្រះអង្គបានចាកចេញទៅក្រៅក្រុង។
20. លុះព្រលឹមឡើង កាលពួកគេទៅជិតដើមល្វា ក៏ឃើញវាក្រៀមស្វិតរហូតដល់ឫស
21. កាលលោកពេត្រុសនឹកចាំ ក៏ទូលព្រះអង្គថា៖ «លោកគ្រូ មើលចុះ ដើមល្វាដែលលោកដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ»
22. ព្រះយេស៊ូមានបន្ទូលតបទៅពួកគេថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ
23. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាក៏ដោយដែលនិយាយទៅភ្នំនេះថា ចូររើ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ ដោយគ្មានចិត្ដសង្ស័យ តែជឿថាអ្វីដែលគាត់និយាយនឹងកើតឡើងមែន នោះនឹងបានសម្រេចដល់គាត់
24. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗដែលអ្នករាល់គ្នាអធិស្ឋានសុំ ទាំងជឿថា នឹងទទួលបាន នឹងបានសម្រេចដល់អ្នករាល់គ្នា
25. ហើយពេលអ្នករាល់គ្នាឈរអធិស្ឋាន ប្រសិនបើអ្នករាល់គ្នាមានអ្វីមួយទាស់នឹងអ្នកណាម្នាក់ ចូរលើកលែងទោសឲ្យគាត់ ដើម្បីឲ្យព្រះវរបិតាអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌លើកលែងទោសចំពោះកំហុសរបស់អ្នករាល់គ្នាដែរ
26. [ប៉ុន្ដែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគាត់ទេ នោះព្រះវរបិតាក៏មិនលើកលែងចំពោះកំហុសរបស់អ្នករាល់គ្នាដែរ»]។
27. រួចពួកគេក៏មកក្រុងយេរូសាឡិមម្ដងទៀត ហើយពេលដែលព្រះអង្គកំពុងដើរក្នុងព្រះវិហារ ពួកសម្ដេចសង្ឃ ពួកគ្រូវិន័យ និងពួកចាស់ទុំបានដើរសំដៅមកឯព្រះអង្គ