14. កាលទតឃើញដូច្នេះ ព្រះយេស៊ូទាស់ចិត្ដយ៉ាងខ្លាំង ក៏មានបន្ទូលទៅពួកគេថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរព្រះជាម្ចាស់ជារបស់មនុស្សដូចជាក្មេងៗទាំងនេះ
15. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណាមិនទទួលយកនគរព្រះជាម្ចាស់ដូចជាកូនក្មេង នោះមិនអាចចូលក្នុងនគរព្រះជាម្ចាស់បានឡើយ»
16. ព្រះអង្គបានលើកក្មេងៗ ទាំងឲ្យពរដោយដាក់ដៃលើពួកគេ។
17. កាលព្រះអង្គកំពុងទៅតាមផ្លូវ នោះមានមនុស្សម្នាក់រត់មកលុតជង្គង់នៅមុខព្រះអង្គ និងទូលសួរថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?»
18. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់
19. អ្នកស្គាល់បញ្ញត្ដិហើយថា កុំសម្លាប់ កុំផិតក្បត់ កុំលួច កុំធ្វើសាក្សីក្លែងក្លាយ កុំគៃបន្លំ និងចូរគោរពឪពុកម្ដាយរបស់អ្នក»
20. គាត់ទូលព្រះអង្គថា៖ «លោកគ្រូ ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងនេះតាំងពីខ្ញុំវ័យជំទង់ម៉្លេះ»
21. ប៉ុន្ដែព្រះអង្គមើលទៅគាត់ដោយក្ដីស្រឡាញ់ និងមានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិដែលអ្នកមានទាំងឡាយឲ្យអ្នកក្រចុះ អ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
22. ប៉ុន្ដែគាត់ព្រួយចិត្ដដោយសារឮព្រះបន្ទូលនេះ ហើយបានចាកចេញទៅទាំងសោកសៅ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន
23. ពេលព្រះយេស៊ូមើលជុំវិញហើយ ក៏មានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់»
24. ពួកសិស្សឆ្ងល់នឹងព្រះបន្ទូលព្រះអង្គ ប៉ុន្ដែព្រះយេស៊ូមានបន្ទូលតបទៀតថា៖ «កូនអើយ! ការចូលក្នុងនគរព្រះជាម្ចាស់ នោះពិបាកណាស់
25. សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយស្រួលជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26. ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»