2. ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។
3. សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
4. ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ទាំងនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
5. ដ្បិតខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នកដែលមានចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះពួកបរិសុទ្ធទាំងអស់
6. ដូច្នេះ សូមឲ្យការរួមចំណែកខាងឯជំនឿរបស់អ្នកមានប្រសិទ្ធភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។
7. ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។
8. ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ
9. ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត
10. ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង
11. កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។
12. ខ្ញុំបានចាត់គាត់ដែលជាដួងចិត្ដរបស់ខ្ញុំឲ្យត្រលប់មកឯអ្នកវិញ
13. ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
14. ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
15. ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច
16. ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។