9. ហើយសេចក្ដីទាំងឡាយដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងបានឃើញនៅក្នុងខ្ញុំ ចូរអ្នករាល់គ្នាធ្វើតាមចុះ នោះព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងគង់ជាមួយអ្នករាល់គ្នា។
10. ខ្ញុំមានអំណរក្នុងព្រះអម្ចាស់ណាស់ដែលអ្នករាល់គ្នាបានគិតដល់ខ្ញុំជាថ្មីនៅទីបំផុតនេះ ដ្បិតអ្នករាល់គ្នាពិតជាបានគិតដល់ខ្ញុំមែន ប៉ុន្ដែអ្នករាល់គ្នាគ្មានឱកាស
11. ខ្ញុំនិយាយបែបនេះមិនមែនមកពីខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំចេះស្កប់ចិត្តនៅគ្រប់កាលៈទេសៈទាំងអស់
12. ខ្ញុំស្គាល់ភាពទ័លក្រជាយ៉ាងណា ហើយភាពហូរហៀរជាយ៉ាងណា គឺខ្ញុំចេះរស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលឆ្អែត ពេលឃ្លាន ពេលហូរហៀរ ឬពេលខ្វះខាតទេ។
13. ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ដោយសារព្រះអង្គដែលចម្រើនកម្លាំងដល់ខ្ញុំ
14. លើសពីនេះ អ្នករាល់គ្នាបានរួមចំណែកជាមួយខ្ញុំយ៉ាងប្រសើរ នៅពេលខ្ញុំមានសេចក្ដីវេទនា។
15. ឱពួកអ្នកក្រុងភីលីពអើយ! អ្នករាល់គ្នាក៏ដឹងដែរថា តាំងពីខ្ញុំចាប់ផ្ដើមប្រកាសដំណឹងល្អនៅពេលដែលខ្ញុំបានចាកចេញពីស្រុកម៉ាសេដូនមកនោះ គ្មានក្រុមជំនុំណារួមចំណែកជួយខ្ញុំខាងផ្នែកជំនួយឡើយ ក្រៅពីអ្នករាល់គ្នាប៉ុណ្ណោះ
16. ហើយសូម្បីតែកាលខ្ញុំនៅក្រុងថែស្សាឡូនីចនោះ អ្នករាល់គ្នាក៏បានផ្ញើម្ដងពីរដងរួចមកហើយ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ។
17. ខ្ញុំនិយាយនេះ មិនមែនរកជំនួយទេ គឺខ្ញុំរកផលផ្លែដែលចម្រើនដល់អ្នករាល់គ្នាវិញ
18. ដ្បិតខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងទាំងហូរហៀរទៀតផង។ ខ្ញុំបានទទួលអ្វីៗគ្រប់គ្រាន់ហើយពីអ្នករាល់គ្នាតាមរយៈលោកអេប៉ាប្រូឌីត គឺជាតង្វាយដ៏សែនក្រអូប ជាយញ្ញបូជាដែលព្រះជាម្ចាស់ទទួលយកទាំងសព្វព្រះហឫទ័យ។
19. ព្រះជាម្ចាស់របស់ខ្ញុំនឹងបំពេញគ្រប់ទាំងសេចក្ដីត្រូវការរបស់អ្នករាល់គ្នាស្របតាមភាពបរិបូររបស់ព្រះអង្គប្រកបដោយសិរីរុងរឿង ដែលមាននៅក្នុងព្រះគ្រិស្ដយេស៊ូ