28. ហើយពេលគាត់កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល
29. ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។
30. នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?»
31. គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។
32. បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។
33. នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។
34. មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?»
35. ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។
36. ពេលអ្នកទាំងពីរកំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»
37. [លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»]
38. ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ ទាំងលោកភីលីព និងមនុស្សកម្រៀវ រួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យមនុស្សកម្រៀវនោះ។
39. ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះមិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។
40. រីឯលោកភីលីពវិញ គេបានឃើញគាត់នៅឯក្រុងអាសូត ហើយពេលគាត់ធ្វើដំណើរទៅ គាត់ក៏ប្រកាសដំណឹងល្អក្នុងក្រុងទាំងអស់ រហូតទាល់តែគាត់បានមកដល់ក្រុងសេសារា។