12. ដូច្នេះហើយខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាច និងការអនុញ្ញាតពីពួកសម្ដេចសង្ឃ
13. ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ
14. ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយ និយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
15. ខ្ញុំក៏សួរថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថា យើងជាយេស៊ូដែលអ្នកកំពុងបៀតបៀន
16. ប៉ុន្ដែចូរក្រោកឈរឡើង ដ្បិតយើងបានបង្ហាញខ្លួនឲ្យអ្នកឃើញនេះ ដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីហេតុការណ៍ដែលអ្នកបានឃើញយើង ព្រមទាំងហេតុការណ៍ដែលយើងនឹងបង្ហាញដល់អ្នក
17. យើងនឹងរំដោះអ្នកពីប្រជារាស្ដ្រនេះ ព្រមទាំងពីសាសន៍ដទៃ ដែលយើងកំពុងចាត់អ្នកឲ្យទៅ
18. បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។
19. ឱស្ដេចអ័គ្រីប៉ាអើយ! តាំងពីនោះមក ខ្ញុំមិនល្មើសនឹងសុបិននិមិត្ដពីស្ថានសួគ៌នេះទេ
20. គឺមុនដំបូង ខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់ និងពួកអ្នកក្រុងយេរូសាឡិមដែរ ព្រមទាំងក្នុងស្រុកយូដាទាំងមូល និងដល់សាសន៍ដទៃ ដើម្បីឲ្យពួកគេប្រែចិត្ដបែរមកឯព្រះជាម្ចាស់ ទាំងប្រព្រឹត្ដអំពើដែលស័ក្ដិសមនឹងការប្រែចិត្ដ។
21. ដោយព្រោះសេចក្ដីទាំងនេះហើយបានជាជនជាតិយូដាចាប់ខ្ញុំ នៅពេលខ្ញុំនៅក្នុងព្រះវិហារ ទាំងព្យាយាមសម្លាប់ខ្ញុំ
22. ប៉ុន្ដែដោយមានជំនួយពីព្រះជាម្ចាស់ ទើបខ្ញុំបានឈរធ្វើបន្ទាល់ប្រាប់ទាំងអ្នកតូចទាំងអ្នកធំរហូតដល់ថ្ងៃនេះ ហើយខ្ញុំមិនដែលនិយាយអ្វីឡើយ ក្រៅពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូល និងលោកម៉ូសេបានថ្លែងទុកថានឹងកើតឡើង
23. គឺព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយដោយសារការរស់ពីការសោយទិវង្គតឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់ប្រជារាស្ដ្រនេះ ព្រមទាំងសាសន៍ដទៃអំពីពន្លឺនោះ»។
24. កាលលោកប៉ូលកំពុងនិយាយដើម្បីការពារខ្លួនពីសេចក្ដីទាំងនេះ លោកភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ «ប៉ូលអើយ! ឯងឆ្កួតហើយ ឯងរៀនច្រើនពេកបានជាឆ្កួតដូច្នេះ!»
25. ប៉ុន្ដែលោកប៉ូលឆ្លើយថា៖ «លោកភេស្ទុសជាទីគោរពអើយ! ខ្ញុំមិនឆ្កួតទេ ដ្បិតពាក្យដែលខ្ញុំកំពុងនិយាយពិត ហើយត្រឹមត្រូវ
26. ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយ បានជាខ្ញុំទូលដល់ព្រះអង្គ គឺទូលដោយក្លាហានទៀតផង ហើយខ្ញុំជឿថា គ្មានហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយ ព្រោះហេតុការណ៍នេះមិនបានកើតឡើងនៅកន្លៀតណាទេ