18. នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ ដោយគ្មានបណ្ដាជន ឬចលាចលឡើយ
19. គឺមានតែពួកជនជាតិយូដាខ្លះដែលមកពីស្រុកអាស៊ីប៉ុណ្ណោះ ហើយបើពួកគេមានបញ្ហាអ្វីមួយទាស់នឹងខ្ញុំ ពួកគេគួរតែមកធ្វើការចោទប្រកាន់នៅចំពោះមុខលោក
20. ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ
21. លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
22. ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា»
23. រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។
24. ប៉ុន្មានថ្ងៃក្រោយមក ពេលលោកភេលីច និងប្រពន្ធរបស់គាត់ឈ្មោះទ្រូស៊ីល ដែលជាជនជាតិយូដាបានមកដល់ លោកភេលីចក៏កោះហៅលោកប៉ូលឲ្យមក រួចបានស្ដាប់លោកប៉ូលអំពីជំនឿនៅក្នុងព្រះគ្រិស្ដយេស៊ូ
25. ប៉ុន្ដែនៅពេលលោកប៉ូលកំពុងអធិប្បាយអំពីសេចក្ដីសុចរិត និងការគ្រប់គ្រងចិត្ដ ព្រមទាំងអំពីការជំនុំជម្រះដែលនឹងកើតឡើង លោកភេលីចក៏មានការភ័យខ្លាច ហើយប្រាប់ថា៖ «ឥឡូវនេះ ត្រលប់ទៅសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងកោះហៅអ្នកមកម្ដងទៀត»។