10. លោកអភិបាលក៏ងក់ក្បាលដាក់លោកប៉ូលឲ្យនិយាយ លោកប៉ូលក៏និយាយថា៖ «ដោយដឹងថា លោកជាចៅក្រមសម្រាប់ជាតិសាសន៍នេះច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារចំពោះការចោទប្រកាន់ខ្ញុំនេះយ៉ាងរីករាយ។
11. លោកអាចដឹងបានថា តាំងពីពេលដែលខ្ញុំបានឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិមមក នោះមានរយៈពេលមិនលើសពីដប់ពីរថ្ងៃទេ
12. ហើយពួកគេមិនបានឃើញខ្ញុំឈ្លោះប្រកែកជាមួយអ្នកណាម្នាក់នៅក្នុងព្រះវិហារ ឬបង្កចលាចលដល់បណ្ដាជនឡើយ ទាំងនៅក្នុងសាលាប្រជុំ ឬនៅក្នុងក្រុងក្ដី
13. ពួកគេក៏មិនអាចបង្ហាញភស្ដុតាងដល់លោកអំពីករណីដែលពួកគេកំពុងចោទប្រកាន់ខ្ញុំនៅពេលនេះបានដែរ
14. ប៉ុន្តែ ខ្ញុំសូមប្រាប់លោកអំពីការនេះតាមត្រង់ថា យោងតាមមាគ៌ាដែលពួកគេហៅថាគណៈខុសឆ្គងនោះ គឺខ្ញុំបានបម្រើព្រះនៃដូនតារបស់យើង ព្រមទាំងជឿសេចក្ដីទាំងឡាយស្របតាមគម្ពីរវិន័យ និងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូល
15. ដោយមានសេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ ជាសេចក្ដីសង្ឃឹមដែលអ្នកទាំងនេះផ្ទាល់ក៏ទន្ទឹងរង់ចាំដែរ គឺនឹងមានការរស់ឡើងវិញរបស់មនុស្សសុចរិត និងមនុស្សទុច្ចរិត។
16. ដោយហេតុនេះហើយបានជាខ្ញុំផ្ទាល់តែងតែខំប្រឹងឲ្យមានមនសិការឥតបន្ទោសបាន ទាំងនៅចំពោះព្រះជាម្ចាស់ និងមនុស្សទាំងឡាយជានិច្ច
17. ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពេលខ្ញុំនាំតង្វាយ ព្រមទាំងជំនួយមកឲ្យជាតិសាសន៍របស់ខ្ញុំ
18. នៅពេលនោះពួកគេក៏ឃើញខ្ញុំធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ ដោយគ្មានបណ្ដាជន ឬចលាចលឡើយ
19. គឺមានតែពួកជនជាតិយូដាខ្លះដែលមកពីស្រុកអាស៊ីប៉ុណ្ណោះ ហើយបើពួកគេមានបញ្ហាអ្វីមួយទាស់នឹងខ្ញុំ ពួកគេគួរតែមកធ្វើការចោទប្រកាន់នៅចំពោះមុខលោក
20. ឬក៏ឲ្យអ្នកទាំងនេះនិយាយដោយផ្ទាល់អំពីបទល្មើសណាមួយដែលពួកគេបានឃើញនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមប្រឹក្សាកំពូលចុះ
21. លើកលែងតែពាក្យសំដីមួយនេះប៉ុណ្ណោះ ដែលខ្ញុំបានប្រកាសពេលឈរនៅកណ្ដាលចំណោមពួកគេថា អ្នករាល់គ្នាជំនុំជម្រះខ្ញុំនៅថ្ងៃនេះ ទាក់ទងនឹងការរស់ឡើងវិញរបស់មនុស្សស្លាប់»។
22. ដោយលោកភេលីចយល់កាន់តែច្បាស់អំពីមាគ៌ានេះ គាត់ក៏ផ្អាករឿងក្ដីរបស់ពួកគេដោយនិយាយថា៖ «ពេលមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងសម្រេចរឿងក្ដីដល់អ្នករាល់គ្នា»