7. នៅពេលនោះ ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយមកខ្ញុំថា សុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?
8. ខ្ញុំបានឆ្លើយថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថា ខ្ញុំជាយេស៊ូ អ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន
9. រីឯអស់អ្នកដែលនៅជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ ប៉ុន្ដែមិនបានយល់ថាសំឡេងនោះនិយាយអ្វីមកខ្ញុំទេ
10. ហើយខ្ញុំក៏សួរថា ព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះ ដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ
11. ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែក ពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។
12. មានមនុស្សម្នាក់នៅក្រុងនោះ ឈ្មោះអាណានាស ជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យ និងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ
13. គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់
14. រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
15. ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ
16. ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។
17. មានរឿងមួយបានកើតឡើង ពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញ ហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ
18. ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាម ព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។
19. ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង
20. ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។
21. ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។