6. បន្ទាប់មកយើងបានជម្រាបលាគ្នាទៅវិញទៅមក រួចយើងក៏ចុះសំពៅទៅ រីឯអ្នកទាំងនោះបានត្រលប់ទៅផ្ទះរបស់ពួកគេវិញ។
7. ពេលយើងបញ្ចប់ការធ្វើដំណើរតាមសំពៅពីក្រុងទីរ៉ុស យើងក៏មកដល់ក្រុងផ្ទលេមេ ហើយក្រោយពីបានជម្រាបសួរពួកបងប្អូនរួច យើងក៏ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។
8. នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៀត ហើយមកដល់ក្រុងសេសារា រួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អម្នាក់ ក្នុងចំណោមអ្នកទាំងប្រាំពីរ។
9. លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ធូល។
10. កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ នោះមានអ្នកនាំព្រះបន្ទូលម្នាក់ឈ្មោះអ័ក្កាបុស បានចុះពីស្រុកយូដាមក
11. ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។
12. ពេលឮដូច្នេះ យើង ព្រមទាំងបងប្អូននៅស្រុកនោះ បានអង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ
13. ពេលនោះលោកប៉ូលឆ្លើយថា៖ «តើអ្នករាល់គ្នាយំធ្វើឲ្យខ្ញុំខូចចិត្ដធ្វើអ្វី? ដ្បិតដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ខ្ញុំមិនត្រឹមតែសុខចិត្ដឲ្យគេចងប៉ុណ្ណោះទេ គឺសុខចិត្ដស្លាប់នៅក្រុងយេរូសាឡិមទៀតផង»
14. ពេលគាត់មិនព្រមស្ដាប់តាមការអង្វររបស់យើង យើងក៏ឈប់អង្វរគាត់ទៀត ហើយនិយាយថា៖ «សូមឲ្យបំណងរបស់ព្រះអម្ចាស់បានសម្រេចចុះ»។
15. ប៉ុន្មានថ្ងៃក្រោយមក យើងក៏រៀបចំធ្វើដំណើរទៅក្រុងយេរូសាឡិម
16. ហើយមានសិស្សខ្លះមកពីក្រុងសេសារា បានធ្វើដំណើរទៅជាមួយយើងដែរ ព្រមទាំងនាំយើងទៅស្នាក់នៅផ្ទះរបស់អ្នកកោះគីប្រុសម្នាក់ឈ្មោះម៉្នាសុន ជាសិស្សដំបូងម្នាក់។
17. កាលយើងមកដល់ក្រុងយេរូសាឡិមហើយ ពួកបងប្អូនបានស្វាគមន៍យើងយ៉ាងរីករាយ។
18. នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។
19. បន្ទាប់ពីជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ូលក៏រៀបរាប់ដោយលំអិតអំពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមសាសន៍ដទៃតាមរយៈកិច្ចការរបស់គាត់។
20. ពេលឮដូច្នេះ ពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយនិយាយទៅគាត់ថា៖ «បងអើយ! បងឃើញស្រាប់ហើយថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងចំណោមជនជាតិយូដាបានជឿ និងមានការប្ដូរផ្ដាច់តាមគម្ពីរវិន័យទាំងអស់គ្នា
21. ប៉ុន្ដែ ពួកគេបានឮដំណឹងអំពីបងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃឲ្យបោះបង់សេចក្ដីបង្រៀនរបស់លោកម៉ូសេ គឺបងប្រាប់ពួកគេមិនឲ្យកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ឡើយ
22. បើដូច្នេះមែន តើធ្វើដូចម្ដេចទៅ? ដ្បិតពួកគេមុខជាឮថាបងបានមកដល់ទីនេះហើយ
23. ដូច្នេះ សូមធ្វើតាមដែលយើងប្រាប់បងចុះ ដ្បិតយើងមានមនុស្សបួននាក់កំពុងជាប់បំណន់