8. នៅបន្ទប់ជាន់ខាងលើដែលយើងជួបជុំគ្នានោះមានភ្លើងចង្កៀងជាច្រើន
9. មានយុវជនម្នាក់ឈ្មោះអើទីកុសកំពុងអង្គុយលើមាត់បង្អួច ពេលលោកប៉ូលអធិប្បាយយ៉ាងយូរ យុវជននោះងងុយដេកជាខ្លាំង ហើយគាត់ក៏លង់លក់ទៅ រហូតទាល់តែធ្លាក់ពីជាន់ទីបីមក ពេលគេលើកគាត់ឡើង គាត់បានស្លាប់ហើយ។
10. លោកប៉ូលបានចុះទៅទ្រោបពីលើ ទាំងឱបគាត់ ហើយនិយាយថា៖ «កុំបារម្ភឡើយ ព្រោះគាត់នៅមានជីវិតទេ!»
11. រួចក៏ឡើងទៅលើវិញ ពេលធ្វើពិធីកាច់នំប៉័ង និងបរិភោគរួចហើយ គាត់ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺ ទើបគាត់ចេញដំណើរ
12. ហើយពួកគេក៏នាំយុវជនដែលមានជីវិតនោះទៅវិញ ទាំងទទួលបានការកម្សាន្ដចិត្ដជាខ្លាំង។
13. យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក
14. ពេលគាត់បានជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។
15. នៅថ្ងៃបន្ទាប់ យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូស ថ្ងៃបន្ទាប់ទៀត យើងក៏ឆ្លងមកដល់កោះសាម៉ុស ហើយថ្ងៃបន្ទាប់មកទៀត យើងបានមកដល់ក្រុងមីលេត។
16. ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
17. ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។
18. កាលពួកគេមកជួបគាត់ហើយ គាត់ក៏ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពីរបៀបដែលខ្ញុំបាននៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូង ដែលខ្ញុំបានចូលមកស្រុកអាស៊ី
19. គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួន ដោយទឹកភ្នែក និងដោយសេចក្ដីវេទនាគ្រប់បែបយ៉ាងដែលកើតមានចំពោះខ្ញុំ ដោយសារបំណងអាក្រក់របស់ជនជាតិយូដា
20. ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាមិនដែលលាក់លៀមឡើយអំពីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នា គឺបានបង្រៀនដល់អ្នករាល់គ្នានៅតាមទីសាធារណៈ និងពីផ្ទះមួយទៅផ្ទះមួយ
21. ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដា និងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង
22. ឥឡូវនេះ មើល៍ ព្រះវិញ្ញាណបានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងជាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ