5. ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន
6. រីឯយើងវិញ នៅក្រោយថ្ងៃបុណ្យនំប៉័ងឥតមេក៏ជិះសំពៅចេញពីក្រុងភីលីព។ អស់រយៈពេលប្រាំថ្ងៃ យើងក៏មកជួបពួកគេនៅក្រុងទ្រអាស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
7. លុះនៅថ្ងៃទីមួយនៃសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាធ្វើពិធីកាច់នំប៉័ង លោកប៉ូលបានអធិប្បាយទៅកាន់ពួកគេ។ ដោយព្រោះគាត់បម្រុងចាកចេញនៅថ្ងៃបន្ទាប់ គាត់ក៏បន្ដអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។
8. នៅបន្ទប់ជាន់ខាងលើដែលយើងជួបជុំគ្នានោះមានភ្លើងចង្កៀងជាច្រើន
9. មានយុវជនម្នាក់ឈ្មោះអើទីកុសកំពុងអង្គុយលើមាត់បង្អួច ពេលលោកប៉ូលអធិប្បាយយ៉ាងយូរ យុវជននោះងងុយដេកជាខ្លាំង ហើយគាត់ក៏លង់លក់ទៅ រហូតទាល់តែធ្លាក់ពីជាន់ទីបីមក ពេលគេលើកគាត់ឡើង គាត់បានស្លាប់ហើយ។
10. លោកប៉ូលបានចុះទៅទ្រោបពីលើ ទាំងឱបគាត់ ហើយនិយាយថា៖ «កុំបារម្ភឡើយ ព្រោះគាត់នៅមានជីវិតទេ!»
11. រួចក៏ឡើងទៅលើវិញ ពេលធ្វើពិធីកាច់នំប៉័ង និងបរិភោគរួចហើយ គាត់ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺ ទើបគាត់ចេញដំណើរ
12. ហើយពួកគេក៏នាំយុវជនដែលមានជីវិតនោះទៅវិញ ទាំងទទួលបានការកម្សាន្ដចិត្ដជាខ្លាំង។
13. យើងបានជិះសំពៅទៅក្រុងអាសុសមុន ដើម្បីទទួលលោកប៉ូលនៅទីនោះ ដ្បិតគាត់បានផ្ដាំដូច្នេះ ព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក
14. ពេលគាត់បានជួបយើងនៅក្រុងអាសុស យើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។
15. នៅថ្ងៃបន្ទាប់ យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូស ថ្ងៃបន្ទាប់ទៀត យើងក៏ឆ្លងមកដល់កោះសាម៉ុស ហើយថ្ងៃបន្ទាប់មកទៀត យើងបានមកដល់ក្រុងមីលេត។
16. ពេលនោះ លោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរ ដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរ ព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យទីហាសិប បើសិនជាអាច
17. ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។
18. កាលពួកគេមកជួបគាត់ហើយ គាត់ក៏ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពីរបៀបដែលខ្ញុំបាននៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូង ដែលខ្ញុំបានចូលមកស្រុកអាស៊ី