4. ពេលមកដល់ក្រុងយេរូសាឡិម ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំបានស្វាគមន៍ពួកគាត់ ហើយពួកគាត់ក៏រៀបរាប់ប្រាប់ពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់
5. នោះមានអ្នកខ្លះពីខាងគណៈផារិស៊ី ដែលជឿបានក្រោកឈរឡើងនិយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេ និងបង្គាប់ពួកគេឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។
6. បន្ទាប់មក ពួកសាវក និងពួកចាស់ទុំបានជួបជុំគ្នាដើម្បីពិចារណាអំពីបញ្ហានេះ។
7. ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមក លោកពេត្រុសបានក្រោកឈរឡើងនិយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា តាំងពីគ្រាមុន ព្រះជាម្ចាស់បានជ្រើសរើសនៅក្នុងចំណោមអ្នករាល់គ្នា គឺតាមរយៈមាត់របស់ខ្ញុំ សាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយជឿ
8. រីឯព្រះជាម្ចាស់ដែលជ្រាបពីចិត្ដរបស់មនុស្ស ព្រះអង្គបានធ្វើទីបន្ទាល់អំពីពួកគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានដល់យើងដែរ
9. ព្រះអង្គរាប់យើង និងពួកគេមិនខុសប្លែកគ្នាឡើយ គឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ
10. ឥឡូវនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះ ដែលសូម្បីតែដូនតារបស់យើង និងខ្លួនយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
11. យើងជឿថា យើងទទួលបានសេចក្ដីសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូដូចជាពួកគេដែរ»។
12. ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ ហើយស្ដាប់លោកបារណាបាស និងលោកប៉ូលរៀបរាប់អំពីទីសំគាល់ និងការអស្ចារ្យទាំងឡាយដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់ នៅក្នុងចំណោមសាសន៍ដទៃ។