15. រីឯពាក្យសំដីរបស់ពួកអ្នកនាំព្រះបន្ទូលក៏យល់ស្របនឹងការនេះដែរ គឺដូចដែលមានសេចក្ដីចែងទុកថា
16. ក្រោយហេតុការណ៍ទាំងនេះ យើងនឹងត្រលប់មកវិញ ហើយសង់រោងរបស់ស្ដេចដាវីឌដែលបានរលំនោះឡើងវិញ។ យើងនឹងសង់អ្វីៗដែលខូចខាតនៅក្នុងនោះ ហើយលើករោងនោះឡើងវិញ
17. ដើម្បីឲ្យមនុស្សដែលនៅសល់ស្វែងរកព្រះអម្ចាស់ និងសាសន៍ដទៃទាំងឡាយដែលត្រូវបានត្រាស់ហៅសម្រាប់ឈ្មោះរបស់យើង
18. ព្រះអម្ចាស់ដែលធ្វើឲ្យគេដឹងអំពីហេតុការណ៍ទាំងនេះតាំងពីដើមរៀងមក បានមានបន្ទូលយ៉ាងដូច្នេះ។
19. ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ
20. ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម
21. ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។
22. ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន
23. ហើយពួកគេបានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវក និងចាស់ទុំដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា
24. ពេលយើងឮថា មានអ្នកខ្លះនៅក្នុងចំណោមយើង ដែលយើងមិនបានអនុញ្ញាត ពួកគេបានចេញទៅរំខានអ្នករាល់គ្នាដោយពាក្យសំដីដែលធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយ
25. យើងក៏ព្រមព្រៀងគ្នាថា ត្រូវជ្រើសរើសមនុស្ស ហើយចាត់ទៅឯអ្នករាល់គ្នាជាមួយលោកបារណាបាស និងលោកប៉ូលជាទីស្រឡាញ់របស់យើង
26. ដែលបានប្រគល់ជីវិតរបស់ខ្លួនសម្រាប់ព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
27. ដូច្នេះហើយ យើងបានចាត់លោកយូដាស និងលោកស៊ីឡាសឲ្យទៅ ដ្បិតអ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាផ្ទាល់មាត់អំពីសេចក្ដីដូចគ្នានេះ
28. ព្រោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងយើងយល់ឃើញថា មិនគួរដាក់បន្ទុកបន្ថែមលើបងប្អូនទេ លើកលែងតែសេចក្ដីចាំបាច់ទាំងនេះប៉ុណ្ណោះ
29. គឺចៀសវាងពីសំណែនដែលបានសែនដល់រូបព្រះ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ បើអ្នករាល់គ្នារក្សាខ្លួនពីសេចក្ដីទាំងនេះបាន នោះអ្នករាល់គ្នាធ្វើបានប្រសើរហើយ សូមជម្រាបលា»។
30. ដូច្នេះ កាលពួកគេបានចាត់អ្នកទាំងនោះឲ្យចេញទៅហើយ អ្នកទាំងនោះក៏ធ្វើដំណើរចុះទៅក្រុងឤន់ទីយ៉ូក។ ពេលក្រុមជំនុំមកជុំគ្នាហើយ ពួកគេក៏ប្រគល់សំបុត្រនោះឲ្យក្រុមជំនុំ
31. កាលបានឤនសំបុត្រនោះរួចហើយ ក្រុមជំនុំក៏អរសប្បាយចំពោះការលើកទឹកចិត្ដនេះ