26. ឱ បងប្អូនជាកូនចៅពូជពង្សរបស់លោកអ័ប្រាហាំ និងបងប្អូននៅក្នុងចំណោមពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានបញ្ជូនព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះមកយើងហើយ។
27. ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិម និងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូ និងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូល ដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេ ពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ
28. ហើយទោះបីពួកគេរកហេតុសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏ពួកគេសុំលោកពីឡាត់ឲ្យសម្លាប់ព្រះអង្គដែរ។
29. កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ
30. ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ
31. ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យពួកអ្នកដែលបានធ្វើដំណើរជាមួយព្រះអង្គពីស្រុកកាលីឡេទៅឯក្រុងយេរូសាឡិមឃើញជាច្រើនថ្ងៃ គឺអ្នកទាំងនេះហើយជាសាក្សីរបស់ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ។
32. ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ
33. ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើង ជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថា អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ
34. ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញ ដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀត នោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថា យើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។