9. ដូច្នេះ ពួកអ្នកដែលមានជំនឿក៏ទទួលព្រះពរជាមួយលោកអ័ប្រាហាំដែលជាអ្នកមានជំនឿដែរ។
10. រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តិតាមគម្ពីរវិន័យ នោះត្រូវបណ្តាសាហើយ ដ្បិតមានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អស់អ្នកដែលមិនកាន់តាមសេចក្ដីទាំងអស់ដែលបានចែងទុកនៅក្នុងគម្ពីរវិន័យឲ្យប្រព្រឹត្ដតាម»។
11. ដូច្នេះ ច្បាស់ជាគ្មានអ្នកណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ដោយសារគម្ពីរវិន័យឡើយ ព្រោះមនុស្សសុចរិតនឹងរស់ដោយជំនឿ
12. រីឯគម្ពីរវិន័យមិនពឹងផ្អែកលើជំនឿទេ ផ្ទុយទៅវិញ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីទាំងនេះ អ្នកនោះនឹងរស់ដោយសារសេចក្ដីទាំងនេះឯង។
13. មានសេចក្ដីចែងទុកថា៖ «ត្រូវបណ្តាសាហើយ អ្នកណាដែលជាប់ព្យួរនៅលើឈើ» ដូច្នេះហើយ បានជាព្រះគ្រិស្ដបានលោះឲ្យយើងរួចពីបណ្តាសារបស់គម្ពីរវិន័យ ដោយព្រះអង្គត្រូវបណ្តាសាជំនួសយើង
14. ដើម្បីឲ្យពររបស់លោកអ័ប្រាហាំមានដល់ពួកសាសន៍ដទៃដោយសារព្រះគ្រិស្ដយេស៊ូ និងដើម្បីឲ្យយើងបានទទួលព្រះវិញ្ញាណ ដែលជាសេចក្ដីសន្យាតាមរយៈជំនឿ។
15. បងប្អូនអើយ! ខ្ញុំសូមនិយាយតាមបែបមនុស្សថា សូម្បីតែកិច្ចព្រមព្រៀងរបស់មនុស្ស បើគេព្រមព្រៀងគ្នាហើយ គ្មានអ្នកណាម្នាក់អាចលុបចោល ឬបន្ថែមបានឡើយ។
16. រីឯសេចក្ដីសន្យាទាំងឡាយនោះត្រូវបានសន្យាដល់លោកអ័ប្រាហាំ និងពូជពង្សរបស់គាត់ប៉ុណ្ណោះ ព្រះអង្គមិនបានមានបន្ទូលថា «ដល់ពូជពង្សទាំងឡាយ» ដែលសំដៅលើចំនួនច្រើននោះទេ ផ្ទុយទៅវិញ មានបន្ទូលថា «ដល់ពូជពង្សរបស់អ្នក» ដែលសំដៅលើចំនួនតែមួយ គឺជាព្រះគ្រិស្ដ
17. ខ្ញុំចង់និយាយដូច្នេះ គម្ពីរវិន័យដែលមាននៅបួនរយសាមសិបឆ្នាំក្រោយមិនអាចលុបកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានធ្វើកាលពីមុនបានឡើយ ហើយក៏មិនអាចធ្វើឲ្យសេចក្ដីសន្យាត្រលប់ជាឥតប្រយោជន៍បានដែរ
18. ព្រោះបើមរតកពឹងផ្អែកលើក្រឹត្យវិន័យ នោះលែងពឹងផ្អែកលើសេចក្ដីសន្យាទៀតហើយ ប៉ុន្ដែព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំតាមរយៈសេចក្ដីសន្យា។
19. ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។
20. អ្នកសម្រុះសម្រួលមិនមែនសម្រាប់ភាគីតែម្ខាងឡើយ ប៉ុន្តែព្រះជាម្ចាស់គឺមួយអង្គប៉ុណ្ណោះ។