ជំពូក

 1. 1
 2. 2
 3. 3
 4. 4
 5. 5
 6. 6
 7. 7
 8. 8
 9. 9
 10. 10
 11. 11
 12. 12
 13. 13
 14. 14
 15. 15
 16. 16

គម្ពីរសញ្ញាថ្មី

រ៉ូម 4 Khmer Christian Bible (KCB)

1. តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច​អំពី​លោក​អ័ប្រាហាំ​ដែល​ជា​ដូន​តា​របស់​យើង​ខាង​ឯ​សាច់ឈាម?​

2. ព្រោះ​បើ​លោក​អ័ប្រាហាំ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​របស់​គាត់​ នោះ​គាត់​មុខជា​មាន​ហេតុផល​ដើម្បី​អួត​អាង​ ប៉ុន្ដែ​មិន​មែន​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់​ទេ​

3. តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ដែរ?​ បទគម្ពីរ​ចែង​ថា៖​ «លោក​អ័ប្រាហាំ​ជឿ​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​រាប់​គាត់​ជា​សុចរិត​ ដោយសារ​ជំនឿ​នោះ»។​

4. សម្រាប់​អ្នក​ធ្វើ​ការ​ រង្វាន់​ដែល​គេ​ទទួល​នោះ​មិន​រាប់​ថា​ជា​គុណ​ទេ​ ផ្ទុយ​ទៅ​វិញ​ គឺជា​ថ្លៃ​ឈ្នួល​

5. រីឯ​អ្នក​ដែល​មិន​ប្រព្រឹត្ដ​ តែ​ជឿ​ព្រះអង្គ​ដែល​បាន​រាប់​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​សុចរិត​ នោះ​ព្រះជាម្ចាស់​នឹង​រាប់​គេ​ជា​សុចរិត​ដោយសារ​ជំនឿ​របស់​គេនោះ​ឯង​

6. សូម្បី​តែ​ស្ដេច​ដាវីឌ​ក៏​និយាយ​អំពី​ព្រះពរ​សម្រាប់​មនុស្ស​ដែល​ព្រះជាម្ចាស់​បាន​រាប់​ជា​សុចរិត​ដោយ​មិន​គិត​អំពី​ការ​ប្រព្រឹត្តិ​ដែរ​ថា៖​

7. «មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ទទួល​បាន​ការ​លើកលែង​ទោស​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ ហើយ​ត្រូវ​បាន​គ្របបាំង​ឲ្យ​រួច​ពី​បាប​

8. មាន​ពរ​ហើយ​ មនុស្ស​ណា​ដែល​ព្រះអម្ចាស់​មិន​ប្រកាន់​បាប​របស់​គេ»។​

9. ដូច្នេះ​ តើ​ព្រះពរ​នេះ​សម្រាប់​ពួកអ្នក​កាត់ស្បែក​ ឬ​មួយ​សម្រាប់​ពួកអ្នក​មិន​កាត់ស្បែក​ដែរ?​ ដ្បិត​យើង​និយាយ​ថា​ ព្រះជាម្ចាស់​បាន​រាប់​លោក​អ័ប្រាហាំ​ជា​សុចរិត​ដោយសារ​ជំនឿ​របស់​គាត់។​

10. តើ​រាប់​ជា​សុចរិត​យ៉ាង​ដូចម្ដេច?​ តើ​នៅ​ក្រោយ​ពេល​កាត់ស្បែក​ ឬ​មួយ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក?​ មិន​មែន​នៅ​ក្រោយ​ពេលកាត់ស្បែក​ទេ​ គឺ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។​

11. លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​

12. ព្រមទាំង​ឲ្យ​ត្រលប់​ជា​ឪពុក​របស់​ពួកអ្នក​កាត់ស្បែក​ដែរ​ គឺ​មិន​ត្រឹម​តែ​អ្នក​កាត់ស្បែក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អស់​អ្នក​ដែល​ដើរ​តាម​លំអាន​នៃ​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែល​ជា​ដូនតា​របស់​យើង​ គឺជា​ជំនឿ​ដែល​គាត់​មាន​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។​

13. ព្រះបន្ទូល​សន្យា​សម្រាប់​លោក​អ័ប្រាហាំ​ ឬ​ដល់​ពូជពង្ស​របស់​គាត់​ដែល​ថា​ គាត់​នឹង​បាន​ផែនដី​ជា​មរតក​ នោះ​មិន​មែន​តាមរយៈ​គម្ពីរ​វិន័យ​ទេ​ គឺ​តាមរយៈ​សេចក្ដី​សុចរិត​ដែល​មកពី​ជំនឿ​វិញ​

14. ​បើ​ពួកអ្នក​ធ្វើ​តាម​គម្ពីរ​វិន័យជា​អ្នក​ស្នង​មរតក​ នោះ​ជំនឿ​ត្រលប់​ជា​គ្មាន​ប្រយោជន៍​ ហើយ​ព្រះបន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​ដែរ‍។​

15. រីឯ​គម្ពីរ​វិន័យ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​ ដ្បិត​កន្លែង​ណា​គ្មាន​ក្រឹត្យវិន័យ​ កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើស​ដែរ។​

16. ដូច្នេះ​ហើយ​ ​តាមរយៈ​ជំនឿ​ស្រប​តាម​ព្រះគុណ​ ដែល​ព្រះបន្ទូល​សន្យា​ត្រលប់​ជា​ការ​ពិត​សម្រាប់​ពូជពង្ស​ទាំង​អស់​របស់​លោក​អ័ប្រាហាំ​ គឺ​មិន​មែន​សម្រាប់​តែ​អស់​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែរ​ ដ្បិតគាត់​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​

17. ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជនជាតិ​ជាច្រើន»។​ គាត់​ជា​ឪពុក​របស់​យើង​នៅ​ក្នុង​ព្រះ​វត្ដមាន​របស់​ព្រះជាម្ចាស់​ ដែល​គាត់​បាន​ជឿ​ គឺ​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​មាន​បន្ទូល​ឲ្យ​អ្វី​ដែល​គ្មាន​រូបរាងត្រលប់​ជា​មាន​រូបរាង។​

18. នៅ​ពេល​គាត់​អស់​សង្ឃឹម​ គាត់​បាន​មាន​សង្ឃឹម​ឡើង​វិញ​ដោយសារ​គាត់​មាន​ជំនឿ​ ដូច្នេះ​ហើយ​ ​គាត់​បាន​ត្រលប់​ជា​ឪពុក​របស់​ជនជាតិ​ជាច្រើន​ ស្រប​តាម​សេចក្ដី​ដែល​បាន​សន្យា​ថា៖​ «ពូជពង្ស​របស់​អ្នក​នឹង​បាន​ដូច្នេះ»។​

19. ទោះបី​រូបកាយ​របស់​គាត់​មាន​អាយុ​ជិត​មួយរយ​ឆ្នាំ​ ដែល​ចាត់ទុក​ដូចជា​ស្លាប់​ ហើយ​ផ្ទៃ​របស់​សារ៉ា​មិន​អាច​មាន​កូន​ក៏ដោយ​ ក៏​ជំនឿ​របស់​គាត់​មិន​ចុះ​ខ្សោយ​ឡើយ។​

20. គាត់​មិន​បាន​សង្ស័យ​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ដោយ​ចិត្ដ​មិន​ជឿ​នោះ​ដែរ​ គឺ​គាត់​កាន់តែ​មាន​ជំនឿ​ខ្លាំង​ឡើង​ថែម​ទៀត​ ទាំង​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​

21. ហើយ​គាត់​ជឿ​ប្រាកដ​ថា​ អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ ព្រះអង្គ​ក៏​អាច​ធ្វើ​បានដែរ​

22. ហេតុនេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​រាប់​គាត់​ជា​សុចរិត។​

23. សេចក្ដី​ដែល​ចែង​ទុក​ថា​ ព្រះជាម្ចាស់​បាន​រាប់​គាត់​ជា​សុចរិត​ មិន​មែន​កត់ត្រា​ទុក​សម្រាប់​តែ​គាត់​ម្នាក់​ទេ

24. គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដែរ​ ដែល​នឹង​ត្រូវ​បាន​រាប់​ជា​សុចរិត​ ជា​អ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​

25. ព្រះយេស៊ូ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​សម្លាប់​ដោយសារ​ទោស​កំហុស​របស់​យើង​ តែ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ដើម្បី​រាប់​យើង​ជា​សុចរិត។​