ជំពូក

  1. 1

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ យ៉ូហាន 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សំបុត្រ​អ្នក​ចាស់‌ទុំ ផ្ញើ​មក​លោក​ស្រីរើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី ដែល​ខ្ញុំ​ស្រឡាញ់​ពិត​ប្រាកដ មិន​មែន​តែ​ខ្ញុំ​១ គឺ​ព្រម​ទាំង​អស់​អ្នក​ដែល​ស្គាល់​សេចក្តី​ពិត​ផង​ដែរ

2. ដោយ​ព្រោះ​សេចក្តី​ពិត ដែល​នៅ​ក្នុង​យើង​រាល់​គ្នា ហើយ​ក៏​នៅ​ជា​មួយ​នឹង​យើង​ជា​ដរាប

3. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​មេត្តា‌ករុណា ហើយ​នឹង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា គឺ​ដោយ​សេចក្តី​ពិត និង​សេចក្តី​ស្រឡាញ់។

សេចក្តី​ស្រឡាញ់​រវាង​បង​ប្អូន

4. ខ្ញុំ​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​ខ្លះ​របស់​លោក​ស្រី ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត ដូច​ជា​ព្រះ‌វរ‌បិតា​បាន​បង្គាប់​មក​យើង​រាល់​គ្នា

5. ឥឡូវ​នេះ លោក​ស្រី​អើយ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​នេះ មិន​មែន​ដូច​ជា​បង្គាប់​ដល់​លោក​ស្រី​ទេ គឺ​ខ្ញុំ​សូម​អង្វរ​វិញ​ថា ឲ្យ​យើង​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ដូច​ជា​តាំង​ពី​ដើម​រៀង​មក

6. នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ គឺ​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់ ឯ​សេចក្តី​បញ្ញត្ត​នោះ គឺ​ដូច​ជា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម

7. ពី​ព្រោះ​មាន​អ្នក​ប្រវ័ញ្ច​បញ្ឆោត​ជា​ច្រើន​បាន​មក​ក្នុង​លោកីយ៍​ហើយ ជា​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​ហើយ​ជា​អ្នក​ប្រវ័ញ្ច​បញ្ឆោត ហើយ​ជា​អ្នក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ផង

8. ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន ក្រែង​បាត់​ផល​ការ​ដែល​បាន​ធ្វើហើយ​នោះ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ដ៏​ពេញ‌លេញ​វិញ

9. អ្នក​ណា​ដែល​ប្រព្រឹត្ត​រំលង ហើយ​មិន​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​ជា​អ្នក​គ្មាន​ព្រះ​ទេ តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះ‌គ្រីស្ទ​វិញ អ្នក​នោះ​មាន​ទាំង​ព្រះ‌វរ‌បិតា និង​ព្រះ‌រាជ‌បុត្រា​ផង

10. បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង

11. ដ្បិត​បើ​អ្នក​ណា​ជំរាប​សួរ នោះ​ក៏​តែង​មាន​សេចក្តី​ប្រកប​គ្នា ក្នុង​ការ​អាក្រក់​របស់​អ្នក​នោះ​ដែរ។

12. ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​នឹង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​យើង​រាល់​គ្នា ចំរើន​បាន​ពោរ‌ពេញ​ឡើង

13. ឯ​កូន​ចៅ​របស់​ប្អូន​ស្រី​រើស​តាំង​របស់​លោក​ស្រី ក៏​សូម​ជំរាប​សួរ​មក​លោក​ស្រី​ដែរ។ អាម៉ែន។:៚