ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គឺ​ការ​យ៉ាង​នោះ ដែល​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ ហើយ​មើល ទ្រង់​ក៏​បង្កើត​កណ្តូប​នៅ​វេលា ដែល​ស្មៅ​កំពុង​ឡើង​ជា​ថ្មី គឺ​កាល​ស្មៅ​កំពុង​លាស់​ឡើង ក្រោយ​ដែល​បាន​ច្រូត​ម្តង​ថ្វាយ​ស្តេច​ហើយ

2. រួច​កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ នៅ​ក្នុង​ស្រុក​អស់​ទៅ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​អត់​ទោស ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ

3. ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។

4. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ការ​យ៉ាង​នេះ​ទៀត​ដល់​ខ្ញុំ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​ផ្ចាញ់‌ផ្ចាល​ដោយ​ភ្លើង នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជំរៅ​ដ៏​ធំ ក៏​បំរុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង

5. ខណៈ​នោះ ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ទ្រង់​ឈប់ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ

6. ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​ព្រះ‌បន្ទូល​ថា ការ​នេះ​ក៏​មិន​ត្រូវ​ធ្វើ​ដែរ។

7. រួច​ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ឈរ​លើ​កំផែង ដែល​ធ្វើ​ដំរង់​ដោយ​កូន​តឹង ទ្រង់​ក៏​កាន់​ខ្សែ​កូន​តឹង​១​នៅ​ព្រះ‌ហស្ត​ដែរ

8. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ

9. អស់​ទាំង​ទី​ខ្ពស់​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច​បង់ ឯ​ទី​គោរព​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ទៅ​អញ​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូ‌បោម ដោយ​ដាវ​ដែរ។

10. នោះ​អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ក៏​ចាត់​ឲ្យ​ទៅ​ឯ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា អេម៉ុស​កំពុង​បង្កើត​ការ​ក្បត់​ចំពោះ​ទ្រង់ នៅ​កណ្តាល​ពួក​វង្ស​អ៊ីស្រា‌អែល ប្រទេស​នេះ​នឹង​ទ្រាំ​នៅ​ចំពោះ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​វា​មិន​បាន​ទេ

11. ដ្បិត​វា​និយាយ​ដូច្នេះ​ថា យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន

12. រួច​អ័ម៉ាស៊ាក​ក៏​ប្រាប់​ដល់​អេម៉ុស​ថា ឱ​អ្នក​មើល‌ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ

13. កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង។

14. នោះ​អេម៉ុស​ឆ្លើយ​តប​ដល់​អ័ម៉ាស៊ា​ថា ខ្ញុំ​ពី​ដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ

15. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏​បាន​បង្គាប់​ខ្ញុំ​ថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ

16. ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ លោក​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល​ឲ្យ​សោះ ក៏​កុំ​បញ្ចេញ​ពាក្យ​ណា​ទាស់​នឹង​ពួក​វង្ស​អ៊ីសាក​ដែរ

17. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។