ជំពូក

 1. 1
 2. 2
 3. 3
 4. 4
 5. 5
 6. 6
 7. 7
 8. 8
 9. 9
 10. 10
 11. 11
 12. 12
 13. 13
 14. 14
 15. 15
 16. 16
 17. 17
 18. 18
 19. 19
 20. 20
 21. 21
 22. 22
 23. 23
 24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​យ៉ូស្វេ

កុល‌សម្ព័ន្ធ​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​របស់​គេ​វិញ

1. យ៉ូស្វេ​ក៏​ហៅ​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​មក មាន​ប្រសាសន៍​ថា

2. ឯង​រាល់​គ្នា​បាន​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង​ហើយ ក៏​បាន​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដែរ

3. ឯង​រាល់​គ្នា​មិន​បាន​ចោល​បង​ប្អូន​ឯង ជា​យូរ​មក​ហើយ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ

4. ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ឲ្យ​បង​ប្អូន​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ ដូច្នេះ​ចូរ​វិល​ទៅ​ឯ​ត្រសាល​របស់​ឯង​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​ឯង ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​ឯង ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ

5. ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ឲ្យ​អស់​ពី​ចិត្ត និង​ប្រព្រឹត្ត​តាម​បញ្ញត្ត ហើយ​នឹង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក​ឯង ដើម្បី​នឹង​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​តោង​ទ្រង់​ជាប់ ហើយ​បំរើ​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

6. យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។

7. រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត​កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា

8. សូម​ឲ្យ​ឯង​រាល់​គ្នា​បាន​វិល​ទៅ​ឯ​លំនៅ​ឯង​ចុះ ដោយ​នាំ​យក​របស់​ទ្រព្យ​ជា​ច្រើន និង​ហ្វូង​សត្វ​យ៉ាង​សន្ធឹក ព្រម​ទាំង​ប្រាក់ មាស លង្ហិន ដែក និង​សំលៀក‌បំពាក់​ជា​ច្រើន​ផង ចូរ​ចែក​របឹប​របស់​ពួក​ខ្មាំង​សត្រូវ ដល់​ពួក​បង​ប្អូន​ឯង​ចុះ

9. ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។

10. កាល​គេ​បាន​ទៅ​ដល់​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នោះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ស្អាង​អាស‌នា​១​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាស‌នា​មាន​ភាព​យ៉ាង​ធំ

11. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ឮ​និយាយ​ថា ន៏ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ បាន​ស្អាង​អាស‌នា​១ នៅ​ចុង​ស្រុក​កាណាន ក្នុង​ក្រវល់​ស្រុក​ជិត​ទន្លេ​យ័រដាន់ ខាង​ពួក​អ៊ីស្រា‌អែល​យើង​នេះ​ហើយ

12. កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឮ​ដូច្នោះ នោះ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ដើម្បី​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ។

13. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចាត់​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ ទៅ​ឯ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នៅ​ស្រុក​កាឡាត

14. ព្រម​ទាំង​មាន​ពួក​ជា​កំពូល​១០​នាក់​ទៅ​ជា​មួយ​ផង គឺ​ម្នាក់ៗ​ក្នុង​វង្ស​នៃ​ពួក​អយ្យកោ​១ របស់​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​វង្សា‌នុវង្ស នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​ពាន់ៗ

15. គេ​ក៏​ទៅ​ដល់ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត​ប្រាប់​ថា

16. ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា​សួរ​ដូច្នេះ​ថា តើ​អំពើ​រំលង​យ៉ាង​ណា​នេះ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ទាស់​នឹង​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្អាង​អាស‌នា​សំរាប់​ខ្លួន ប្រយោជន៍​នឹង​ប្រព្រឹត្ត​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ

17. ឯ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ត្រង់​ពេអរ មិន​ទាន់​បាន​សំអាត​ខ្លួន​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ទោះ​បើ​មាន​សេចក្ដី​វេទនា​កើត​ដល់​ពួក​ជំនុំ​ព្រះ‌យេហូវ៉ា​ក៏​ដោយ តើ​ការ​នោះ​យល់​ថា​តូច​ពេក​ឬ​អី

18. បាន​ជា​ថ្ងៃ​នេះ ឯង​រាល់​គ្នា​ត្រូវ​ការ​ចង់​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៀត ចាំ​មើល បើ​ឯង​រាល់​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នេះ នោះ​ដល់​ថ្ងៃ​ស្អែក ទ្រង់​នឹង​មាន​សេចក្ដី​ក្រោធ​ទាស់​នឹង​ពួក​ជំនុំ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ហើយ

19. ឬ​បើ‌សិន​ជា​ស្រុក ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា ស្មោក‌គ្រោក នោះ​មាន​តែ​ឆ្លង​ទៅ​ក្នុង​ស្រុក ជា​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា ជា​ស្រុក​ដែល​តាំង​មាន​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទទួល​យក​ស្រុក​១​នៅ​ជា​មួយ​នឹង​យើង​ផង សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​បះ‌បោរ​នឹង​យើង​ដែរ ដោយ​ឯង​ស្អាង​អាស‌នា​១ ក្រៅ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​នោះ

20. ឯ​អេកាន​ជា​កូន​សេរ៉ាស តើ​មិន​បាន​រំលង​ខាង​ឯ​របស់​ដែល​ត្រូវ​បំផ្លាញ​ទេ​ឬ​អី ហើយ​មាន​សេចក្ដី​ខ្ញាល់​ធ្លាក់​មក​លើ​ពួក​ជំនុំ នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ហើយ​មនុស្ស​នោះ​មិន​មែន​បាន​វិនាស​ទៅ តែ​ម្នាក់​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​នោះ​ទេ។

21. ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ក៏​ឆ្លើយ​ទៅ​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់​ថា

22. ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាស‌នា​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា

23. ប្រយោជន៍​នឹង​បែរ​ចេញ​ពី​ទ្រង់ ឬ​សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ ឬ​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ហៅ​យើង​ខ្ញុំ​មក​ឆ្លើយ ពី​ការ​ដែល​ប្រព្រឹត្ត​នៅ​ចំពោះ​ទ្រង់​ចុះ បើ​យ៉ាង​នោះ​មែន នោះ​សូម​កុំ​ឲ្យ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ

24. គឺ​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​ដោយ​ប្រយ័ត្ន​វិញ​ទេ​តើ ហើយ​តាម​បំណង​ចិត្ត ដោយ​នឹក​ខ្លាច​ក្រែង​វេលា​ណា​ទៅ​មុខ ពួក​កូន​ចៅ​អ្នក​រាល់​គ្នា​និយាយ​ចំពោះ​ពួក​កូន​ចៅ​យើង​ខ្ញុំ​ថា តើ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ប្រកប​អ្វី​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

25. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង និង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ​ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

26. ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​បាន​និយាយ​គ្នា​ថា ចូរ​យើង​ស្អាង​អាស‌នា​១​មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ ឬ​យញ្ញ‌បូជា​ទេ

27. គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់ ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​យើង​ទាំង​អស់​គ្នា​ត​ទៅ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​គោរព​ប្រតិ‌បត្តិ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដង្វាយ​ដុត​យញ្ញ‌បូជា និង​ដង្វាយ​មេត្រី​របស់​យើង​ខ្ញុំ ប្រយោជន៍​ដល់​ពេល​ទៅ​មុខ កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​និយាយ​នឹង​កូន​ចៅ​យើង​ខ្ញុំ​ថា ឯង​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ​នោះ​ឡើយ

28. ដូច្នេះ​យើង​ខ្ញុំ​បាន​សំរេច​ថា បើ​កាល​ណា​គេ​នឹង​និយាយ​ដូច្នោះ​មក​យើង​ខ្ញុំ ឬ​នឹង​ពូជ​ដំណ​យើង​ខ្ញុំ​ត​ទៅ​មុខ នោះ​យើង​ខ្ញុំ​នឹង​ឆ្លើយ​តប​ថា មើល នេះ​ជា​គំរូ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ស្អាង​ទុក មិន​មែន​សំរាប់​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ទេ គឺ​ទុក​គ្រាន់​តែ​ជា​ទី​បន្ទាល់​ដល់​យើង​ខ្ញុំ និង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ

29. សូម​ឲ្យ​គំនិត​យ៉ាង​នោះ​ឃ្លាត​ទៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ទៅ កុំ​ឲ្យ​យើង​ខ្ញុំ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ហើយ​បែរ​ចេញ​លែង​តាម​ទ្រង់​នៅ​ថ្ងៃ​នេះ ដោយ​ស្អាង​អាស‌នា សំរាប់​ដង្វាយ​ដុត ដង្វាយ​ម្សៅ ឬ​យញ្ញ‌បូជា ក្រៅ​ពី​អាស‌នា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ដែល​នៅ​មុខ​រោង​ឧបោសថ​ទ្រង់​នោះ​ឡើយ។

30. កាល​ភីនេ‌ហាស​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​អ្នក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ គឺ​ជា​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ពាន់ ដែល​នៅ​ជា​មួយ​នឹង​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​ក៏​បាន​ពេញ​ចិត្ត​ណាស់

31. រួច​ភីនេ‌ហាស​ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ លោក​មាន​ប្រសាសន៍​ទៅ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ថា នៅ​ថ្ងៃ​នេះ​យើង​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យើង​រាល់​គ្នា ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​ការ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា​ដូច្នេះ​ទេ ឯង​រាល់​គ្នា​បាន​ជួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ

32. ដូច្នេះ​ភីនេ‌ហាស ជា​កូន​អេលាសារ ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ជា​កំពូល​នោះ គេ​ចេញ​ចាក​ពី​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់ នៅ​ស្រុក​កាឡាត ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​កាណាន ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ​ទៅ ព្រម​ទាំង​នាំ​ដំណឹង​នោះ​មក​ប្រាប់​គេ​ដែរ

33. សេចក្ដី​នោះ​បាន​ពេញ​ចិត្ត ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​សរសើរ‌ដំកើង​ដល់​ព្រះ រួច​ក៏​លែង​គិត​ពី​ការ​ឡើង​ទៅ​ច្បាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ដែល​ពួក​កូន​ចៅ​រូបេន និង​កូន​ចៅ​កាឌ់​នៅ​នោះ​ត​ទៅ​ទៀត

34. ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​ដាក់​ឈ្មោះ​អាស‌នា​នោះ​ថា «ទី​បន្ទាល់» ដ្បិត​គេ​ថា នេះ​ហើយ​ជា​ទី​បន្ទាល់​ដល់​អ្នក​រាល់​គ្នា ហើយ​នឹង​យើង​ខ្ញុំ ពី​ព្រះ‌យេហូវ៉ា ថា​ទ្រង់​ជា​ព្រះ​ពិត។