ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូណាស 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌ជា‌ម្ចាស់​លើក​លែង​ទោស​ឲ្យ​អ្នក​ក្រុង​នីនីវេ

1. ចំណេរ​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យ៉ូណាស​ម្តង​ទៀត​ថា

2. ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប៉ាវ​ប្រកាស​ដល់​គេ តាម​សេចក្តី​ដែល​អញ​នឹង​បង្គាប់

3. ដូច្នេះ យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​នីនីវេ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រីឯ​នីនីវេ​ជា​ទី​ក្រុង​ធំ​ក្រៃលែង​ដែល​ដើរ​អស់​ចំនួន​៣​ថ្ងៃ ទើប​បាន​សព្វ

4. កាល​យ៉ូណាស​បាន​ចាប់​តាំង​ដើរ​ចូល​ក្នុង​ទី​ក្រុង​នោះ ចំងាយ​ដើរ​អស់​១​ថ្ងៃ​ហើយ នោះ​លោក​ប៉ាវ​ប្រកាស​ថា នៅ​តែ​៤០​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ។

5. ពួក​បណ្តា‌ជន​នៅ​ក្រុង​នីនីវេ គេ​ក៏​ជឿ​ព្រះ‌អង្គ ដូច្នេះ​គេ​ប្រកាស​ឲ្យ​មាន​ពេល​តម​អត់ ហើយ​ស្លៀក​សំពត់​ធ្មៃ ចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ

6. ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ រួច​ទ្រង់​ក្រោក​ចាក​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​គ្រលុំ​អង្គ​ដោយ​សំពត់​ធ្មៃ ទៅ​គង់​នៅ​ក្នុង​ផេះ​វិញ

7. ទ្រង់​ក៏​ឲ្យ​គេ​ប្រកាស​ប្រាប់​នៅ​ពេញ​ក្នុង​ក្រុង​នីនីវេ ជា​បង្គាប់​របស់​ស្តេច និង​ពួក​រដ្ឋ‌មន្ត្រី​ថា មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ កុំ​ឲ្យ​ស៊ី ឬ​ផឹក​ឲ្យ​សោះ

8. ត្រូវ​ឲ្យ​ទាំង​អស់​គ្រលុំ​ខ្លួន​ដោយ​សំពត់​ធ្មៃ គឺ​ទាំង​មនុស្ស និង​សត្វ​ផង ហើយ​ត្រូវ​គ្រប់​គ្នា​អំពាវ‌នាវ​យ៉ាង​ខ្លាំង ដល់​ព្រះ អើ ត្រូវ​ឲ្យ​គេ​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួន​ផង

9. ប្រហែល​ជា​ព្រះ ទ្រង់​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ ហើយ​ផ្លាស់​គំនិត ព្រម​លាក‌ចេញ​ពី​សេចក្តី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស​ទៅ​ទេ​ដឹង

10. ព្រះ​ទ្រង់​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ គឺ​ដែល​គេ​បាន​លាក‌ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ រួច​ព្រះ​ក៏​ប្រែ​គំនិត​ពី​ការ​អាក្រក់ ដែល​ទ្រង់​បាន​គំរាម​ថា នឹង​ធ្វើ​ដល់​គេ ហើយ​ទ្រង់​លែង​ធ្វើ​ទៅ។