ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 1 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​បាន​ជ្រើស‌រើស​ជន‌ជាតិ​អ៊ីស្រា‌អែល

1. នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា​ដល់​អ៊ីស្រា‌អែល ដោយ‌សារ​ម៉ាឡាគី។

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែ​ឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប

3. តែ​ចំណែក​អេសាវ​នោះ អញ​បាន​ស្អប់​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​ភ្នំ​របស់​គេ​បាន​ស្ងាត់​ច្រៀប ក៏​ឲ្យ​មរដក​របស់​គេ​ដល់​ពួក​ស្វាន នៅ​ទី​រហោ‌ស្ថាន

4. ហើយ​ទោះ​បើ​ពួក​អេដំម គេ​ពោល​ថា យើង​ត្រូវ​បំផ្លាញ​ហើយ តែ​យើង​នឹង​វិល​ទៅ​សង់​កន្លែង​ខូច​បង់​ឡើង​វិញ គង់​តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​សង់​ឡើង​វិញ តែ​អញ​នឹង​រំលំ​ចុះ​ទៀត នោះ​មនុស្ស​នឹង​ហៅ​គេ​ថា ជា​ព្រំ​ស្រុក​នៃ​សេចក្តី​អាក្រក់ ហើយ​ថា ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​គ្នាន់‌ក្នាញ់​ចំពោះ​គេ​ជា​ដរាប

5. ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដំកើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។

ការ​ថ្វាយ‌បង្គំ​មិន​ត្រឹម​ត្រូវ

6. ឯ​កូន នោះ​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បំរើ​ក៏​កោត‌ខ្លាច​ដល់​ចៅ‌ហ្វាយ ដូច្នេះ បើ​អញ​ជា​ឪពុក នោះ​តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា ហើយ​បើ​អញ​ជា​ចៅ‌ហ្វាយ តើ​សេចក្តី​គោរព​ដល់​អញ​នៅ​ឯ​ណា នេះ​គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដល់​ឯង​រាល់​គ្នា ជា​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​អញ តែ​ឯង​ថា​យើង​រាល់​គ្នា​មាន​មើល‌ងាយ​ដល់​ព្រះ‌នាម​ទ្រង់​ឯ​ណា

7. គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​អញ ឯង​រាល់​គ្នា​ក៏​ពោល​ថា តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា តុ​នៃ​ព្រះ‌យេហូវ៉ា​គួរ​មើល‌ងាយ

8. ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ហើយ​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​ឯង​ល​មើល បើ​លោក​សុខ​ចិត្ត​នឹង​ឯង ឬ​យ៉ាង​ណា ឬ​បើ​លោក​នឹង​ទទួល​ឯង​ឬ​ទេ

9. នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឥឡូវ​នេះ ខ្ញុំ​សូម​អ្នក​រាល់​គ្នា​ឲ្យ​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តល់​ព្រះ‌គុណ​ដល់​យើង ការ​ទាំង​អស់​នេះ​បាន​កើត​ដោយ‌សារ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ តើ​ទ្រង់​នឹង​ទទួល​មុខ​អ្នក​រាល់​គ្នា​ណា​១​ឬ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

10. ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ

11. ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​អញ ព្រម​ទាំង​ដង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​អញ​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

12. ប៉ុន្តែ​ចំណែក​ឯង​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​អញ​ទេ​ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ

13. ឯង​រាល់​គ្នា​ក៏​ថា យីះ ការ​នេះ​រអា​ចិត្ត​ណាស់ ហើយ​បាន​ធ្វើ​សូរ​ហិះៗ​ដាក់​ការ​នោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ឯង​រាល់​គ្នា​នាំ​យក​របស់​ដែល​ប្លន់​យក​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង គឺ​យ៉ាង​នោះ​ដែល​ឯង​រាល់​គ្នា​នាំ​ដង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ថា តើ​គួរ​ឲ្យ​អញ​ទទួល​ពី​ដៃ​ឯង​រាល់​គ្នា​ឬ​ទេ

14. ត្រូវ​បណ្តាសា​ហើយ អ្នក​បញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​នៅ​ក្នុង​ហ្វូង ហើយ​ក៏​បន់​ព្រះ រួច​យក​សត្វ​មាន​ស្លាក‌ស្នាម​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់​វិញ ដ្បិត​អញ​ជា​ស្តេច​ដ៏​ធំ ហើយ​ឈ្មោះ​អញ​ជា​ទី​ស្ញែង​ខ្លាច នៅ​កណ្តាល​ពួក​សាសន៍​ដទៃ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។