ជំពូក

 1. 1
 2. 2
 3. 3
 4. 4
 5. 5
 6. 6
 7. 7
 8. 8
 9. 9
 10. 10
 11. 11
 12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានីយ៉ែល 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​ដារី‌យុស​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​តាំង​ចៅ‌ហ្វាយ​ខេត្ត​១២០​នាក់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​នគរ ជា​ពួក​អ្នក​ដែល​ត្រូវ​ផ្សាយ​ចេញ​ទៅ​នៅ​ពេញ​ក្នុង​នគរ​ទាំង​មូល

2. ហើយ​ឲ្យ​មាន​អធិបតី​៣​នាក់​ត្រួត​លើ​ចៅ‌ហ្វាយ​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រាប់​រៀប​ប្រាប់​ដល់​ពួក​៣​នាក់​នោះ ប្រយោជន៍​មិន​ឲ្យ​សេ្ដច​ត្រូវ​ខ្វះ​ខាត​ឡើយ ឯ​ដានី‌យ៉ែល លោក​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ

3. រួច​មក​ដានី‌យ៉ែល​បាន​ត្រឡប់​ជា​កំពូល​លើ​ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ដ្បិត​លោក​មាន​វិញ្ញាណ​យ៉ាង​ស្រួច‌ស្រាល់ ហើយ​ស្តេច​ទ្រង់​គិត​នឹង​តាំង​លោក ឲ្យ​ត្រួត​លើ​នគរ​ទាំង​មូល។

4. ដូច្នេះ ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ក៏​ស្វែង​រក​ហេតុ​ពី​ដំណើរ​រាជ‌ការ​ផែនដី ឲ្យ​ទាស់​នឹង​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពី​ព្រោះ​លោក​ជា​មនុស្ស​ស្មោះ‌ត្រង់

5. ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ប្រឹក្សា​គ្នា​ថា យើង​នឹង​រក​ឱកាស​ទាស់​នឹង​ឈ្មោះ​ដានី‌យ៉ែល​នេះ​មិន​បាន​ឡើយ វៀរ​តែ​រក​បាន​ខាង​ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​វា​ប៉ុណ្ណោះ

6. ពួក​អធិបតី និង​ពួក​ចៅ‌ហ្វាយ​ទាំង​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​គាល់​ស្តេច ទូល​ដូច្នេះ​ថា បពិត្រ​ព្រះ‌រាជា​ដារី‌យុស សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ត​ទៅ

7. ពួក​អធិបតី​ក្នុង​នគរ ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​បាឡាត់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក បាន​ជំនុំ​ព្រម​គ្នា ចង់​តាំង​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ គឺ​ជា​សេចក្ដី​បំរាម​យ៉ាង​តឹង‌រ៉ឹង​ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ វៀរ​តែ​សូម​ពី​ព្រះ‌រាជា​ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ

8. បពិត្រ​ព្រះ‌រាជា ដូច្នេះ សូម​ទ្រង់​តាំង​ច្បាប់ ហើយ​ចុះ​ហត្ថ‌លេខា​នៅ​ច្បាប់​នោះ ប្រយោជន៍​មិន​ឲ្យ​ផ្លាស់​ប្រែ​បាន តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

9. ដូច្នេះ ស្តេច​ដារី‌យុស​ទ្រង់​ក៏​ចុះ​ហត្ថ‌លេខា នៅ​សំបុត្រ​ជា​សេចក្ដី​បំរាម​នោះ។

10. កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក (រីឯ​បង្អួច​នៃ​បន្ទប់​របស់​លោក ខាង​ក្រុង​យេរូ‌សាឡិម ក៏​នៅ​ចំហ) លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន

11. ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​មូល​គ្នា​មក​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​នៃ​លោក

12. រួច​គេ​ក៏​ចូល​ទៅ​ជិត ទូល​នឹង​ស្តេច ពី​ដំណើរ​ពាក្យ​បំរាម​របស់​ទ្រង់​ថា ទ្រង់​បាន​ចុះ​ហត្ថ‌លេខា នៅ​ច្បាប់​បំរាម​ហើយ ថា បើ​អ្នក​ណា​នឹង​សូម​អ្វី​ពី​ព្រះ​ណា ឬ​ពី​មនុស្ស​ណា​ក៏​ដោយ លើក​តែ​សូម​ពី​ព្រះ‌រាជា ក្នុង​រវាង​៣០​ថ្ងៃ នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​រូង​សិង្ហ​មែន​ឬ​មិន​មែន ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សប​ថា សេចក្ដី​នោះ​ពិត​មែន​ហើយ តាម​របៀប​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ដែល​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ

13. នោះ​គេ​ក៏​ទូល​ដល់​ស្តេច​ថា ឈ្មោះ​ដានី‌យ៉ែល​នោះ ដែល​ជា​ពួក​ឈ្លើយ​សាសន៍​យូដា មិន​អើពើ​ចំពោះ​ទ្រង់​ទេ ឱ​ព្រះ‌ករុណា​អើយ ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​បំរាម ដែល​ទ្រង់​បាន​ចុះ​ហត្ថ‌លេខា​ហើយ នោះ​ដែរ គឺ​ចេះ​តែ​អធិស្ឋាន​សូម​១​ថ្ងៃ​៣​ដង​វិញ

14. កាល​ស្តេច​បាន​ឮ​ពាក្យ​ទាំង​នោះ ទ្រង់​ក៏​ទោមនស្ស​ជា​ខ្លាំង ហើយ​តាំង​ព្រះ‌ទ័យ​នឹង​រក​ដោះ​ដានី‌យ៉ែល​ឲ្យ​រួច ទ្រង់​ខំ​រក​ផ្លូវ​ជួយ​ឲ្យ​លោក​រួច ដរាប​ដល់​ថ្ងៃ​លិច

15. ខណៈ​នោះ ពួក​អ្នក​ទាំង​នោះ​ក៏​មូល​គ្នា​មក​ឯ​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​ជ្រាប​ថា តាម​ច្បាប់​នៃ​សាសន៍​មេឌី និង​សាសន៍​ពើស៊ី ច្បាប់​ណា​ឬ​បំរាម​ណា ដែល​ស្តេច​បាន​តាំង​ទុក​ហើយ នោះ​នឹង​ផ្លាស់​ប្តូរ​មិន​បាន​ឡើយ។

16. ដូច្នេះ ស្តេច​ទ្រង់​ក៏​ចេញ​បង្គាប់ ហើយ​គេ​នាំ​យក​ដានី‌យ៉ែល​ទៅ​បោះ​ចុះ​ក្នុង​រូង​សត្វ​សិង្ហ​ទៅ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ដានី‌យ៉ែល​ថា ព្រះ​នៃ​អ្នក​ដែល​អ្នក​គោរព​ជានិច្ច​ទ្រង់​នឹង​ជួយ​សង្គ្រោះ​អ្នក​ជា​ពិត

17. គេ​ក៏​យក​ថ្ម​១​មក​បិទ​សន្ធប់​មាត់​រូង ស្តេច​ទ្រង់​ក៏​ប្រថាប់​ត្រា​ព្រះ‌ទំរង់ ហើយ​នឹង​ចិញ្ចៀន​ត្រា​របស់​សេនាបតី​ទ្រង់​ផង ដើម្បី​មិន​ឲ្យ​មាន​អ្វី​ផ្លាស់​ប្តូរ​ពី​ដំណើរ​ដានី‌យ៉ែល​ឡើយ

18. រួច​ទ្រង់​វិល​ទៅ​ឯ​ព្រះ‌រាជ​វាំង​វិញ ក៏​អត់​ព្រះ‌ស្ងោយ​អស់​១​យប់​នោះ ពួក​មហោរី​មិន​បាន​ប្រគំ​ថ្វាយ​ទ្រង់​ទេ ឯ​ទ្រង់​ក៏​ផ្ទំ​មិន​លក់​ដែរ។

19. ស្តេច​ទ្រង់​តើន​ឡើង​ពី​ព្រលឹម​ស្រាង យាង​ទៅ​ឯ​រូង​សិង្ហ​ជា​ប្រញាប់

20. កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ

21. នោះ​ដានី‌យ៉ែល លោក​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ‌ជន្ម​ចំរើន​ជា​យឺន‌យូរ​ចុះ

22. ព្រះ​នៃ​ទូល‌បង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូល‌បង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ទ្រង់ ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ

23. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​រីក‌រាយ​ក្រៃលែង ក៏​ចេញ​បង្គាប់​ឲ្យ​យោង​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក គេ​ក៏​យោង​យក​ដានី‌យ៉ែល​ចេញ​មក ហើយ​ឥត​ឃើញ​មាន​របួស​ណា​នៅ​ខ្លួន​លោក​ឡើយ ពី​ព្រោះ​លោក​បាន​ទុក​ចិត្ត​នឹង​ព្រះ​នៃ​លោក។

24. រួច​ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​នាំ​ពួក​អ្នក​ដែល​ប្តឹង​ចោទ​ដានី‌យ៉ែល មក​បោះ​គេ​ទៅ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ និង​ប្រពន្ធ​កូន​គេ​ផង ហើយ​សិង្ហ​ទាំង‌ឡាយ​ក៏​មាន​អំណាច​លើ​គេ បាន​ទាំង​បំបាក់​ឆ្អឹង​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ​មុន​ដែល​គេ​ធ្លាក់​ទៅ​ដល់​បាត​រូង​ផង។

25. រួច​មក ស្តេច​ដារី‌យុស ទ្រង់​ចេញ​ព្រះ‌រាជ​សាសន៍​ផ្ញើ​ដល់​បណ្តា‌ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ដែល​នៅ​លើ​ផែនដី​ទាំង​មូល​ថា សូម​ឲ្យ​សេចក្ដី​សុខ​បាន​ចំរើន​ដល់​អ្នក​រាល់​គ្នា​ចុះ

26. យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ និង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត

27. ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ ទ្រង់​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​នៅ​ស្ថាន‌សួគ៌ ហើយ​នៅ​ផែនដី គឺ​ទ្រង់​ដែល​បាន​ប្រោស​ឲ្យ​ដានី‌យ៉ែល​រួច​ពី​អំណាច​សិង្ហ។

28. យ៉ាង​នោះ ដានី‌យ៉ែល​នេះ ក៏​ចំរើន​ឡើង​នៅ​ក្នុង​រាជ្យ​របស់​ដារី‌យុស ហើយ​ក្នុង​រាជ្យ​របស់​ស៊ីរូស ជា​សាសន៍​ពើស៊ី​ដែរ។